Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាពត្រៀមបង្ការនិងឆ្លើយតបគ្រោះទឹកជំនន់

KPS99TVHistorical original · translation unavailable

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា បានចេញវិធានការការពារសុខភាពត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលតម្រូវឱ្យតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់ ហើយត្រូវធ្វើរបងព័ទ្ធឬបោះបង្គោលចំណាំជុំវិញស្រះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិឱ្យបានជាអតិបរមា។

ការដាក់ចេញវិធានការបែបនេះ ធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ជាបន្តបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា ដែលអាចបង្កើតជាជំនន់ទឹកភ្លៀងលឿនរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែកហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល វិធានការដែលត្រូវការពារខ្លួននាអំឡុងពេលទឹកជំនន់រួមមាន៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិន ត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត, ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ, ត្រូវងូតទឹកដុះសាប៊ូឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់ ។

ចំណែក ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត, ត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដោយរក្សាអនាម័យ, ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំនិងការធ្វើដំណើរតាមទូកឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។

លើសពីនេះ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។ បន្ថែមពីនេះ ត្រូវទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល៣០នាទីមុន ប្រើប្រាស់ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ និងត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្រប អាហារឱ្យបានជិតល្អ ហើយលាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និង ក្រោយចេញពីបង្គន់។

ដោយឡែក ក្រោយពេលទឹកជំនន់ ត្រូវបន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺ ដែលបានរៀបរាប់ខាងលើ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ, ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនិងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន, ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹង ប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។ នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…