រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុវត្តគម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ (Solar) តាមបណ្តាញផ្លូវជាតិនិងផ្លូវសាធារណៈប្រវែងសរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ បណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយប្រើប្រាស់ថវិកាប្រមាណ ៥លានដុល្លារអាមេរិក ដែលជាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា។
ការប្រកាសនេះធ្វើឡើងដោយឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
គម្រោងនេះនឹងប្រើប្រាស់ផ្ទាំងសូឡា និងអំពូល LED ជំនាន់ថ្មី ដោយដំឡើងនៅលើទ្រូងផ្លូវ ឬអមសងខាងផ្លូវ ដែលមានគម្លាតប្រមាណ ៥០ម៉ែត្រក្នុងមួយបង្គោល។ ការដំឡើងនឹងផ្តោតលើកំណាត់ផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៥ លេខ៦ លេខ៧ លេខ២១ ផ្លូវក្រវាត់ក្រុងទី២ និងទី៣ ព្រមទាំងផ្លូវសាធារណៈក្នុងទីប្រជុំជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាង និងលើទ្រូងផ្លូវ, ផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។
ឯកឧត្តម ប្រាំង ជលសា បញ្ជាក់ថា គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពចរាចរណ៍ពេលយប់ កាត់បន្ថយគ្រោះថ្នាក់ បង្កើនសន្តិសុខសង្គម ជំរុញសេដ្ឋកិច្ចពេលរាត្រី និងវិស័យទេសចរណ៍ ព្រមទាំងមិនបង្កើតបន្ទុកចំណាយថ្លៃអគ្គិសនីប្រចាំខែ។
ក្រោយបញ្ចប់ការដំឡើង ប្រព័ន្ធភ្លើងបំភ្លឺទាំងនេះនឹងត្រូវប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីបន្តគ្រប់គ្រង និងថែទាំឱ្យមានប្រសិទ្ធភាព។ គម្រោងនេះក៏ជាការពង្រីកបន្ថែម បន្ទាប់ពីការសាកល្បងដំឡើងលើផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ទទួលបានការគាំទ្រ និងការសាទរពីប្រជាពលរដ្ឋយ៉ាងច្រើន៕
ដោយ៖ ប៉ៃ សុឃីម






