Skip to main content
Preah Sihanouk Provincial Television
Log in

ស្រុកចំនួន២នៅត្បូងឃ្មុំ កំពុងរងគ្រោះដោយទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង៣ពាន់គ្រួសារ!

KPS99TVHistorical original · translation unavailable

Summary

Click on KPS99TV To Know More!

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរយៈពេល៣ថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គបានកើនឡើង។

យោងតាមរបាយការណ៍ ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ រួមមាន៖ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មើ៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៣,៧១៩គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ១,៤៣០គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន។

ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋបាលខេត្តបានរៀបចំទីទួលសុវត្ថិភាពចំនួន៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់។ អំឡុងពេលចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្តត្រូវពិនិត្យពីការឆ្លើយតបចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះដែលប្រឈមហានិភ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរម្លឹកដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវសហការតាមដានពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា៕

ដោយ៖ ធី លីថូ

Comments

Loading comments…