Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តកំពង់ស្ពឺ បើកការដ្ឋានស្ថាបនាផ្លូវសំខាន់ៗជាច្រើនខ្សែ ដើម្បីបម្រើផលប្រយោជន៍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ

KPS99TVHistorical original · translation unavailable

អាជ្ញាធរខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាន និងកំពុងពន្លឿនយុទ្ធនាការស្ថាបនា និងស្តារឡើងវិញនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែដែលរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជាគ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ១២៧ចាស់) ដែលមានប្រវែងសរុប ៨,៥០០ម៉ែត្រ ប្រវែងទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំព្រៃញាតោ និងឃុំវាល ក្នុងស្រុកគងពិសី។


គម្រោងស្ថាបនានេះ លោក ហុង សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៣០A នេះ រួមមានផ្លូវបេតុងប្រវែង ១គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ២គីឡូម៉ែត្រ ខណៈផ្នែកសេសសល់ប្រមាណ ៥.៥គីឡូម៉ែត្រទៀត ដែលបានខូចខាតធ្ងន់ធ្ងរដល់ស្រទាប់គ្រឹះ ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញទាំងស្រុង។ បន្ថែមពីនេះ មន្ទីរក៏កំពុងរុញច្រានការស្ថាបនាផ្លូវជាច្រើនខ្សែទៀតនៅក្នុងស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង និងស្រុកភ្នំស្រួច ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់បណ្តាញដឹកជញ្ជូនទូទាំងខេត្ត។


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការកែលម្អផ្លូវថ្នល់ទាំងនេះ នឹងជួយកាត់បន្ថយពេលវេលានិងចំណាយលើការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈផ្សេងៗ។ សមិទ្ធផលទាំងនេះ នឹងក្លាយជាចលករជំរុញសក្តានុពលសេដ្ឋកិច្ចខេត្តលើវិស័យកសិកម្ម រ៉ែ ថាមពល ឧស្សាហកម្ម និងទេសចរណ៍ ក្នុងការទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារ។ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាកែប្រែ និងថែរក្សាផ្លូវស្ពានទាំងនោះឱ្យបានគង់វង្ស ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…