លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវ ដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ការចុះពិនិត្យផ្ទាល់នេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ វាយតម្លៃស្ថានភាពជាក់ស្តែង ពិនិត្យមើលការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ឧស្សាហកម្មរបស់រដ្ឋបាលស្រុក។
អនុវត្តតាមបទដ្ឋានគតិយុត្តិ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលនយោបាយពាក់ព័ន្ធ។
ការពារបរិស្ថាន និងជីវភាពប្រជាពលរដ្ឋ ស្វែងរកដំណោះស្រាយដើម្បីកុំឱ្យទីលាននេះបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ទាប់ពីការចុះត្រួតពិនិត្យ លោកអភិបាលរងបានដឹកនាំកិច្ចប្រជុំបន្ត និងបានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីរជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងលើការទុកដាក់សំរាម។ គម្រោងនេះត្រូវធានាឱ្យបាននូវការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង កត្តាភូមិសាស្ត្រ ធនធានដែលមាន និងការអភិវឌ្ឍដោយចីរភាព។
គួរបញ្ជាក់ផងដែរថា កន្លងមកទីតាំងចាក់សំរាមខាងលើនៅមិនទាន់ទទួលបានការគ្រប់គ្រងល្អប្រសើរនៅឡើយទេ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ ដូច្នេះកិច្ចអន្តរាគមន៍របស់រដ្ឋបាលខេត្តនាពេលនេះគឺជាជំហានសំខាន់មួយក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ៕
ដោយ៖ ប៉ៃ សុឃីម
















