Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា ជំរុញឱ្យចាប់ផ្តើមការវាស់វែងខណ្ឌសីមាព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានដោយសុវត្ថិភាព

KPS99TVHistorical original · translation unavailable

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួលកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់អូរខ្លាឃ្មុំ ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ រួមទាំងការត្រួតពិនិត្យសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងផ្លូវ ដែលកម្ពុជាចាត់ទុកថាជាការកាន់កាប់ដោយខុសច្បាប់។ ស្ថានភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៣៦៦នាក់ ក្នុង ៩៨គ្រួសារ ក្នុងនោះស្ត្រី ១៩០នាក់ និងកុមារ ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានបាន។

កម្ពុជាបញ្ជាក់ថា ការចុះសង្កេតការណ៍របស់ AOT-KH បង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងខណ្ឌសីមាដោយ JBC កម្ពុជា-ថៃ ឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានដោយសុវត្ថិភាព និងគ្មានការរារាំង ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

កម្ពុជានៅតែប្រកាន់ខ្ជាប់ការការពារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ ឯកសារ និងកិច្ចព្រមព្រៀងព្រំដែនដែលភាគីទាំងពីរបានឯកភាព។ កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការកាន់កាប់ទឹកដីដោយខុសច្បាប់ និងនឹងបន្តតវ៉ាជាផ្លូវការចំពោះសកម្មភាពឯកតោភាគី ឬការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…