Skip to main content
Preah Sihanouk Provincial Television
Log in

ក្មេងទំនើង ៥នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបង្កការភ្ញាក់ផ្អើលនៅហាងមួយក្នុងស្រុកអង្គរជុំ

KPS99TVHistorical original · translation unavailable

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំខេត្តសៀមរាប បានចុះអន្តរាគមន៍លើករណីក្មេងទំនើង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំអន្តរាគមន៍ចំពោះសកម្មភាពដែលបង្កការភ្ញាក់ផ្អើល និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈនៅយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចហាងមួយ ស្ថិតក្នុងភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ដោយកម្លាំងបានឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ និងម៉ូតូចំនួន ២គ្រឿង។ តាមការរាយការណ៍ ក្រុមនេះបានធ្វើសកម្មភាពរករឿង និងបម្រុងប្រើហិង្សាលើម្ចាស់ហាង បង្កការភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកនៅជុំវិញមានការភ័យខ្លាច។

ជាវិធានការ ម៉ូតូចំនួន ២គ្រឿង ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។ ចំពោះក្មេងទំនើងទាំង ៥នាក់ ត្រូវបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយមានអាណាព្យាបាលមកធានា និងទទួលយកទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត។

អាជ្ញាធរបានអំពាវនាវដល់យុវជនទាំងអស់ ឱ្យចៀសវាងរាល់សកម្មភាពទំនើង និងអំពើហិង្សា ព្រោះទង្វើមួយភ្លែតអាចប៉ះពាល់ដល់ការសិក្សា អនាគត កិត្តិយសគ្រួសារ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម។

ភាពក្លាហានពិតប្រាកដ មិនមែនជាការរករឿង ឬប្រើហិង្សានោះទេ ប៉ុន្តែជាការចេះគ្រប់គ្រងអារម្មណ៍ និងគោរពអ្នកដទៃ៕

ដោយ ប៉ៃ សុឃីម

Comments

Loading comments…