Skip to main content
Preah Sihanouk Provincial Television
Log in

សុំលុយបានហើយឆ្លៀតលួចមាន់ក្រាបពងទៅក្លែមទៀត ម្ដាយស្ដីឱ្យបន្តិចទាញកាំបិតគំរាមសម្លាប់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ

KPS99TVHistorical original · translation unavailable

ហេតុការណ៍ហួសចិត្ត និងបង្កការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះឃាត់ខ្លួនបុរសជាកូនម្នាក់ឈ្មោះ ដួង ស៊ីណាត អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ បន្ទាប់ពីស្រ្តីជាម្តាយបង្កើតឈ្មោះ លី សាអ៊ុ អាយុ ៦២ឆ្នាំ បានដាក់ពាក្យបណ្តឹងដោយសារទ្រាំលែងបាននឹងទង្វើគំរោះគំរើយ យកកាំបិតប៉័ងតោ និងកាំបិតផ្គាក់មកគំរាមសម្លាប់រូបគាត់។

បើតាមការបញ្ជាក់ពីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ដើមចមនៃរឿងរ៉ាវគឺកើតឡើងពីការសុំលុយម្តាយចំនួន ១០,០០០រៀល បានហើយ តែជនសង្ស័យនៅមិនទាន់អស់ចិត្តបានដើរទៅចាប់មេមាន់ដែលកំពុងក្រាបពងលើសំបុកមួយក្បាលទៀតដើម្បីយកទៅធ្វើម្ហូបក្លែមស្រា។ ពេលឃើញសកម្មភាពបែបនេះ ម្តាយបង្កើតក៏បានស្រែកសួរនាំ ស្រាប់តែកូនប្រុសរូបនេះផ្ទុះកំហឹងយ៉ាងខ្លាំង ជេរប្រមាថ និងទាញកាំបិតគំរាមយកជីវិតម្តាយបង្កើតតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពត្រង់ៗថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា និងគំរាមកំហែងដូចការចោទប្រកាន់ពិតប្រាកដមែន ដោយមូលហេតុខឹងម្តាយមាត់កច្រើន ធ្វើឱ្យខកខានពាក្យសន្យាជាមួយមិត្តភក្តិដែលកំពុងជួបជុំរង់ចាំយកសាច់មាន់ទៅក្លែម។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រ៉ាយ ស្រីពី

Comments

Loading comments…