Skip to main content
Preah Sihanouk Provincial Television
Log in

ណែនាំ៣ដងរួចមកហើយ មុនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចដាក់ពិន័យព្យួរក្លឹបលោកគ្រូ «មាស មើរ» រយៈពេល៣ខែ!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចធ្វើការដាក់ពិន័យព្យួរក្លឹប«មហិទ្ធិរិទ្ធគុនខ្មែរល្វាឯម» មិនឱ្យចូលរួមរាល់សកម្មភាពកីឡាប្រដាល់គុនខ្មែរ ទាំងក្នុងនិងក្រៅ ប្រទេសរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។

ការដាក់ពិន័យនេះដោយសារ លោកគ្រូ «មាស មើរ» ជាប្រធានក្លឹបនៅតែមិនគោរពនិងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធនឹងបញ្ចប់ការទទួលស្គាល់ក្លឹបមហិទ្ធិរិទ្ធគុនខ្មែរល្វាឯម ជាសមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ពាក់ព័ន្ធការដាក់ពិន័យនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញមកបញ្ជាក់បន្ថែម លើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកបានចុះហត្ថលេខាលើសេចក្តីសម្រេចដាក់ពិន័យក្លឹបមហិទ្ធិឫទ្ធិគុនខ្មែរល្វាឯម ជាការបំពេញតួនាទី និងការទទួលខុសត្រូវជាប្រធានស្ថាប័ន ឯកភាពតាមសំណើរបស់អនុគណៈកម្មការវិន័យ និងស្មារតីអង្គប្រជុំរបស់សហព័ន្ធ។

ឯកឧត្តមប្រធានសហព័ន្ធ បានសង្កត់ធ្ងន់ថា មុនឈានដល់ការដាក់ពិន័យនេះ អនុគណៈកម្មការវិន័យបានអញ្ជើញប្រធានក្លឹបមកអប់រំណែនាំចំនួន៣លើករួចមកហើយ អំពីការគោរព និងអនុវត្តបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់សហព័ន្ធ ក្នុងនាមជាក្លឹបសមាជិកក្រោមអាណាព្យាបាលរបស់សហព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តមប្រធានសហព័ន្ធ បានគូសរំលេចថា គោលបំណងនៃការដាក់ពិន័យនេះ គឺមិនមែនក្នុងន័យកំហឹង គំនុំ ឬជាន់ពន្លិចអ្នកណាឡើយ ប៉ុន្តែជាការពង្រឹងច្បាប់ វិន័យ ការទទួលខុសត្រូវការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធឱ្យមានប្រសិទ្ធភាព និងស្មើភាពចំពោះសមាជិកទាំងអស់៕

ដោយ៖ ធី លីថូ

Comments

Loading comments…