ភ្នំពេញ៖ ក្រសួងទេសចរណ៍ រួមសហការជាមួយគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរ និងអង្គភាពពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុង តំបន់អង្គរ ក្រោមប្រធានបទ«កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាបក្នុងរដូវកាលបៃតង ពិសេស ចូលរួមផ្តិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើង ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បញ្ជាក់ថា សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមចុះឈ្មោះតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមិនមានបង់ថវិកាឡើយ៕ អត្ថបទ៖ ស្រីពី













