Skip to main content
Preah Sihanouk Provincial Television
Log in

រន្ធត់! ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខលបបាញ់ចំផ្ទៃមុខ ខណៈកំពុងស្រោចផ្កាមុខផ្ទះ ស្នងការខេត្តកំពង់ឆ្នាំងបញ្ជាកម្លាំងតាមចាប់ជនដៃដល់

Historical original · translation unavailable

ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈស្រ្តីម្នាក់កំពុងស្រោចផ្កានៅមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែត្រូវជនមិនស្គាល់អត្តសញ្ញាណលួចបាញ់ប្រហារដោយប្រើគ្រាប់កង់។ ការវាយប្រហារដ៏សាហាវនេះ បានបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ផ្នែកក្រោមភ្នែក និងច្រមុះ ដោយគ្រាប់កង់បានបៀមជាប់ក្នុងសាច់ ដែលតម្រូវឱ្យក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ និងធ្វើការវះកាត់យកគ្រាប់ចេញនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
ភ្លាមៗក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ចុះសហការជិតស្និទ្ធជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ តាមប្រមាញ់ជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាដាច់ខាត ដោយលោកបានសង្កត់ធ្ងន់ថា មិនមានការលើកលែងជាដាច់ខាតចំពោះទង្វើប្រើប្រាស់អាវុធខុសច្បាប់បែបនេះឡើយ។
ជាមួយគ្នានេះ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្នងការខេត្តបានអំពាវនាវដល់ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ សូមបន្តចូលរួមសហការផ្តល់ព័ត៌មានលម្អិតបន្ថែមជូនដល់សមត្ថកិច្ច ដើម្បីជាពន្លឺក្នុងការកំណត់មុខសញ្ញាជនសង្ស័យឱ្យបានឆាប់រហ័ស ធានានូវយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាផ្តល់សុវត្ថិភាពឡើងវិញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ៖ ស្រីពី

Comments

Loading comments…