(កែប)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាជំហានវិជ្ជមានដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅ និងការគ្រប់គ្រងជនជាប់ឃុំឱ្យកាន់តែមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន ជនជាប់ឃុំនៅទូទាំងប្រទេសមានជាង ៧២.០០០នាក់។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដីពន្ធនាគារដែលមានស្រាប់ និងពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែកពីគ្នា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕ដោយ៖ ធី លីថូ





