(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង៥៣លានដុល្លារ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្នកម្មវិធីនេះបាននិងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន៦ នៅទូទាំងប្រទេស រួមមាន៖ស្ត្រី និងកុមារមកពី៖(១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ជាកម្មវិធីគោលនយោបាយអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕ដោយ៖ ធី លីថូ








