(ខេត្តក្រចេះ)៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ និង ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា ហូកា»។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តក្រចេះ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ក្នុងរយៈពេល៥ឆ្នាំទៀត ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ ត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តក្រចេះ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តក្រចេះ ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តក្រចេះ ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ៕ដោយ៖ ធី លីថូ










