សន្ទុះវិនិយោគនៅខេត្តព្រះសីហនុ នៅតែបន្តបង្ហាញភាពវិជ្ជមានយ៉ាងខ្លាំង ដោយនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចថ្មីចំនួន១០។ គម្រោងចម្រុះទាំងនេះរួមមាន៖ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រគ្រឿងសង្ហារិម រោងចក្រផ្គុំគ្រឿងអគ្គិសនី អភិវឌ្ឍន៍អចលនទ្រព្យ សណ្ឋាគារ រីសត និងអគារស្នាក់នៅរួម ដែលមានទំហំទុនសរុបជាង៤២លានដុល្លារ និងត្រៀមបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុកបានប្រមាណ ១៣៦១កន្លែង។
ជោគជ័យនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកន្លងមក ដែលគិតចាប់ពីឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានអនុម័តការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុបចំនួន ៥០០គម្រោង ក្រោមទុនវិនិយោគប្រមាណ ៨,៤៧ប៊ីលានដុល្លារ និងបង្កើតការងារបានជាង ៦ម៉ឺនកន្លែង។ ក្នុងចំណោមនោះ មានទាំងគម្រោងស្រោចស្រង់អគារជាប់គាំងចំនួន ២១៧ គម្រោងថ្មី ២៤៣ ព្រមទាំងគម្រោងពង្រីក និងគម្រោងដែលមានស្រាប់មួយចំនួនទៀត។ ទន្ទឹមនឹងនេះ ក្រុមការងារសម្រេចបានលទ្ធផលគន្លឹះជាច្រើនក្នុងត្រីមាសទី៣ ដូចជា ការតភ្ជាប់ប្រព័ន្ធ CamDX សម្រាប់ចេញលិខិតពន្ធដារស្វ័យប្រវត្តិ នីតិវិធីគយ ការត្រៀមបើកហាងទំនិញរួចពន្ធ (Duty Free) នៅកោះរ៉ុង ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ការតភ្ជាប់ទឹក-ភ្លើង និងការគាំទ្រគម្រោងវិថីថ្មើរជើងតេជោ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកសាងទំនុកចិត្តវិនិយោគិន ដោយតម្រូវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធប្រកាន់ខ្ជាប់អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» កាត់បន្ថយបែបបទរដ្ឋបាលស្មុគស្មាញ និងដោះស្រាយបញ្ហាប្រឈមជូនធុរជនដោយផ្ទាល់ ប្រកបដោយភាពបុរេសកម្ម និងតម្លាភាព។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមអញ្ជើញធុរជន និងវិនិយោគិនទាំងអស់មកដាក់ពាក្យស្នើសុំការលើកទឹកចិត្តពិសេសដោយឥតគិតថ្លៃ នៅការិយាល័យក្រុងព្រះសីហនុ (ផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ទូរស័ព្ទ៖ 012 902 200 / 089 726 028 / 016 321 010) ឬការិយាល័យរាជធានីភ្នំពេញ (អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ ខណ្ឌជ្រោយចង្វារ ទូរស័ព្ទ៖ 093 858 543)៕អត្ថបទដោយ៖ ស្រីពី


