Skip to main content
Preah Sihanouk Provincial Television
Log in

ចុះដល់ទីតាំងផ្ទាល់! អ្នកកាសែតជាតិ-អន្តរជាតិជាង ៤០នាក់ បើកបេសកកម្មពិសេសកត់ត្រាការពិតជុំវិញផលប៉ះពាល់នៅព្រំដែនព្រះវិហារ

Historical original · translation unavailable

(ព្រះវិហារ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៤០រូប ចុះបំពេញបេសកកម្មរយៈពេល៣ថ្ងៃ (ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦) ទៅកាន់តំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅមូលដ្ឋាន។ ដំណើរចុះយកព័ត៌មាននេះ ផ្តោតលើការកត់ត្រាផលវិបាកជាក់ស្តែងដែលកើតមានលើតំបន់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក្រោយរងការគំរាមកំហែងពីជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងដំណើរការចុះអង្កេតផ្ទាល់ ក្រុមអ្នកសារព័ត៌មានបានជួបជជែកជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីនាំយកសំឡេងពិត និងទុក្ខលំបាករបស់ពួកគាត់មកផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបកាន់តែច្បាស់។ ក្រៅពីស្ថានភាពរស់នៅ ការប្រមូលទិន្នន័យពីហានិភ័យនៃសំណល់ជាតិផ្ទុះ គ្រាប់មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ដែលបន្សល់ទុកពីការប្រយុទ្ធ ក៏ជាចំណុចគន្លឹះដែលត្រូវបានយកចិត្តទុកដាក់ជាពិសេស ព្រោះវាជាគ្រោះថ្នាក់លាក់មុខដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពសហគមន៍រយៈពេលវែង។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មនេះប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ ដោយឈរលើការរាយការណ៍ព័ត៌មានពិតឥតលម្អៀង។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា សុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងពលរដ្ឋមូលដ្ឋានគឺជាអាទិភាពចម្បងបំផុត ដោយការចុះប្រមូលព័ត៌មានត្រូវអនុវត្តយ៉ាងម៉ត់ចត់ និងចៀសវាងដាច់ខាតនូវការប៉ះពាល់ ឬចូលក្បែរតំបន់គ្រោះថ្នាក់ដែលមានសំណល់ជាតិផ្ទុះ ដើម្បីធានាបាននូវការផ្សាយព័ត៌មានប្រកបដោយទំនួលខុសត្រូវខ្ពស់៕

អត្ថបទដោយ៖ ស្រីពី

Comments

Loading comments…