ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារកម្ពុជា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ អញ្ជើញដល់ទីតាំងប្រជុំនៅសាធារណរដ្ឋសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានការចូលរួមពីសំណាក់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ ការប្រជុំនេះជាផ្នែកមួយនៃដំណើរការផ្សះផ្សា ក្រោមក្របខណ្ឌអនុសញ្ញា UNCLOS ដែលមានកម្ពុជា និងថៃចូលរួមជាភាគីពាក់ព័ន្ធ។
សម្រាប់ភាគីថៃ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងជាភ្នាក់ងារថៃ។ ការអញ្ជើញចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងដំណើរការផ្សះផ្សា តាមយន្តការដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ដោយ៖ សុភ័ក្រ្ត(ជាតិ)



