Skip to main content
Preah Sihanouk Provincial Television
Log in

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី! កម្ពុជាដឹកអង្ករចាក់រាយ ១ម៉ឺនតោន តាមកប៉ាល់ទៅកាន់ហ្វីលីពីន ត្រៀមរុញឱ្យដល់ ១លានតោនក្នុងមួយឆ្នាំ

Historical original · translation unavailable

ខេត្តព្រះសីហនុ៖ កម្ពុជាបានសម្ពោធជាផ្លូវការនូវការនាំចេញអង្ករខ្មែរចំនួន ១ម៉ឺនតោន តាមផ្លូវទឹកដោយវិធីសាស្ត្រចាក់រាយ (Bulk Cargo) មិនប្រើទូកុងតឺន័រជាលើកដំបូងបង្អស់ ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនពាក់ព័ន្ធ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ការដឹកជញ្ជូនជាប្រវត្តិសាស្ត្រនេះ គឺជាកិច្ចសហការរវាងក្រុមហ៊ុន ស៊ីធីវ៉ាយស៍ អ៊ីមផត ខូអិលធីឌី (City Rice Import Co., Ltd.) និងក្រុមហ៊ុន ឌីឡាយ ត្រេឌីង ខូអិលធីឌី (DILAI TRADING Co., Ltd.)។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ភាពជោគជ័យនេះកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញទីផ្សារស្រូវ-អង្ករខ្មែរទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា អង្ករកម្ពុជាមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ហើយការដឹកជញ្ជូនតាមរបៀបចាក់រាយតាមផ្លូវទឹកនេះ ជួយកាត់បន្ថយថ្លៃដើម និងចំណេញពេលវេលាបានយ៉ាងច្រើនសម្រាប់ដៃគូថ្មី គឺប្រទេសហ្វីលីពីន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ដោយក្រសួងកសិកម្មនឹងបន្តជំរុញការនាំចេញអង្ករឱ្យសម្រេចបានរហូតដល់ ១លានតោនក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នទីផ្សារធំៗរួមមាន ប្រទេសចិន បណ្តាប្រទេសនៅអឺរ៉ុប និងហ្វីលីពីន។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈគម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំង ៣ ដំណាក់កាល ឱ្យមានជម្រៅទឹករហូតដល់ ១៧,៥ ម៉ែត្រ។ គម្រោងនេះនឹងអនុញ្ញាតឱ្យនាវាដឹកទំនិញខ្នាតធំៗមកពីជុំវិញពិភពលោកអាចចូលចតបានដោយផ្ទាល់ និងងាយស្រួល ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

Comments

Loading comments…