Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងអប់រំបានរកឃើញករណីក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតនិស្សិតបញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាក្រៅប្រទេស

Historical original · translation unavailable

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធប្រុងប្រយ័ត្នចំពោះការក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់អ្នកដែលបានបញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សានៅក្រៅប្រទេស។ ករណីដែលក្រសួងបានរកឃើញនេះ ត្រូវបានយកឯកសារក្លែងក្លាយទៅភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជាការស្នើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សញ្ញាបត្របណ្ឌិតដែលទទួលបានពីក្រៅប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃដោយក្រសួង មុនពេលយកទៅប្រើប្រាស់ជាផ្លូវការ។ ចំពោះសញ្ញាបត្រដែលទទួលបានតាមកម្មវិធីបណ្តុះបណ្តាលអនឡាញ ក៏ត្រូវបញ្ជាក់ភាពត្រឹមត្រូវនៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើម។ ទន្ទឹមនឹងនេះ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវធានាថា បុគ្គលិកបង្រៀនដែលមានសញ្ញាបត្របណ្ឌិត ប្រើប្រាស់សញ្ញាបត្រដែលមានភាពត្រឹមត្រូវ និងមិនមានការក្លែងបន្លំ។

ក្រសួងបញ្ជាក់បន្ថែមថា លិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងឡើយ ហើយមិនត្រូវបានទទួលស្គាល់ជាដាច់ខាត។ បុគ្គល ឬបុគ្គលិកបង្រៀនដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត ឬលិខិតបញ្ជាក់សញ្ញាបត្រក្លែងក្លាយ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្រសួងក៏អំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធប្រើប្រាស់តែឯកសារពិតប្រាកដ និងអនុវត្តតាមនីតិវិធីផ្លូវការ ហើយអាចជូនដំណឹងមកក្រសួង ប្រសិនបើមានការសង្ស័យ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់។

Comments

Loading comments…