ឯកអគ្គរាជទូតអង់គ្លេស Dominic Williams បង្ហាញឆន្ទៈរបស់អង់គ្លេសក្នុងការផ្តល់ហិរញ្ញប្បទានជួយអភិវឌ្ឍគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានស្វាគមន៍សំណើនេះ និងដាក់ចេញវិធានការប្រទាក់ក្រឡាមួយ ដើម្បីសម្រេចគោលដៅរួម។ នេះបើតាមក្រសួងរ៉ែ និងថាមពល បានបង្ហោះលើបណ្តាញតេឡេក្រាមផ្លូវការនារសៀលថ្ងៃអង្គារ៍នេះ។
គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា បានកើនឡើងដល់ ៥,០៤៤មេហ្កាវ៉ាត់ ខណៈបណ្ដាញបញ្ជូនបានកើនដល់ ៣.៨៩០គីឡូម៉ែត្រ និងអនុស្ថានីយ៍ដែលបានអភិវឌ្ឍបានកើនដល់៧០កន្លែង។ នេះបើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរអគ្គិសនី កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២៥។
ដោយឡែក គិតត្រឹមចុងឆ្នាំ២០២៤ ការផ្តត់ផ្គង់អគ្គិសនីវិញ បានគ្របដណ្ដប់លើភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង ០,២៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈនៅមានចំនួន ១២០ភូមិទៀត នៅមិនទាន់មានការផ្គត់ផ្គង់អគ្គិសនី។
យ៉ាងណាមិញ ក្រសួងរ៉ែ និងថាមពល បានដាក់ផែនការជំរុញការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦គម្រោងដែលភាគច្រើនជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ក្នុងនោះមានគម្រោងចំនួន ១៣ មានអានុភាពសរុប ១.២៧៥មេហ្កាវ៉ាត់ កំពុងសាងសង់ និង ២៣គម្រោងទៀត មានអានុភាពសរុប ៥.៩៥០មេហ្កាវ៉ាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍ ដើម្បីពង្រីកប្រភពថាមពលកកើតឡើងវិញនៅកម្ពុជាឱ្យបានយ៉ាងតិច ៧០ភាគរយ នៅក្នុងល្បាយនៃប្រភពអគ្គិសនីនាឆ្នាំ២០៣០៕
ដោយ៖ ង៉ែត ពិសាន្ត

