Skip to main content
Preah Sihanouk Provincial Television
Log in

បាក់ឌុបលើកទៅថ្ងៃ២៨-២៩សីហាខណៈបេក្ខជនភៀសខ្លួនអាចប្រឡងនៅខេត្តផ្សេងក៏បាន

Historical original · translation unavailable

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨-១៩ ខែសីហា ទៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចចូលរួមការប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួន ឬខេត្តផ្សេងក៏បាន។

ការពន្យាពេលប្រឡងបាក់ឌុប បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បញ្ជាក់ថា ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួន។

សេចក្តីជូនដំណឹងបញ្ជាក់បន្ថែមថា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងអប់រំ ណែនាំបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ 

បើតាមក្រសួងអប់រំ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ 

ចំណែក បេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារដដែល។ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំនឹងរៀបចំមណ្ឌលប្រឡងនៅ ក្នុងភូមិសាស្ត្រស្រុកពួកនៃខេត្តសៀមរាប។ ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹក ជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការ ចាំបាច់។ 

ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន ២៣ (លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ) ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួល បានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងពីរខាងលើ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួង (នាយកដ្ឋានកិច្ចការប្រឡង) នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើរការប្រឡងជាបន្តទៀត។ ក្រសួងនឹងបោះពុម្ភសលាកត្រឯកត្តជនរបស់បេក្ខជន ដើម្បីឱ្យបេក្ខជនភៀសខ្លួន អាចមកទទួលនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។ ក្រសួងនឹងមានវិធានការគាំទ្រពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…