និស្សិតកម្ពុជាដែលវិលត្រឡប់ពីប្រទេសថៃចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ក្រោមឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ» ជូននិស្សិតទាំង ១៧៤នាក់ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា។
ក្រសួងអប់រំ បានប្រកាសប្រាប់និស្សិតកម្ពុជាទាំង ១៧២នាក់ឱ្យទាក់ទងគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។ ក្រសួងអប់រំ ចាត់តាំងឯកឧត្តម ហុង គីមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទនិងតេឡេក្រាម៖ +85512225303 ដើម្បីជួយសម្របសម្រួលជូនដល់និស្សិតកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


