រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបញ្ជាក់ពីសុវត្ថិភាពទេសចរណ៍ និងស្វាគមន៍ភ្ញៀវអន្តរជាតិ ក្នុងវេទិកាវប្បធម៌វិថីសូត្រនៅប្រទេសចិន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានចូលរួមពិធីបើកពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩ នៅទុនហ័ង ប្រទេសចិន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីសុវត្ថិភាព និងបដិសណ្ឋារកិច្ចកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍។

កម្ពុជា បានបង្ហាញសារយ៉ាងច្បាស់ទៅកាន់ប្រទេសជាង ៥០ មកពីគ្រប់ទ្វីបថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចកក់ក្តៅ ដោយអញ្ជើញភ្ញៀវទេសចរចិន និងអន្តរជាតិមកទស្សនាដោយទំនុកចិត្ត។ ការបញ្ជាក់នេះធ្វើឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមពិធីបើក «ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩» នៅទីក្រុងទុនហ័ង ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកតំណាងអង្គការអន្តរជាតិ និងភ្ញៀវកិត្តិយសជាង ៤០០ រូប មកពីប្រទេសជាង ៥០ ក្នុងនោះមានឯកឧត្តម Wu Xiaojun លេខាធិការបក្សប្រចាំខេត្តគ័នស៊ូ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងលោក Shahbaz Khan នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ារបស់អង្គការយូណេស្កូ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន ៨ លើកកន្លងមក និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ពីសក្ដានុពលបេតិកភណ្ឌរួមរវាងប្រទេសទាំងពីរ ដោយខេត្តគ័នស៊ូមានរូងភ្នំម៉ូកៅ ខណៈកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រជាច្រើន ដែលសុទ្ធសឹងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។ ក្នុងន័យនេះ គំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» ត្រូវបានលើកឡើងថា ជាចំណុចសំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរអរិយធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន ស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ពិព័រណ៍នេះក៏ជាវេទិកាសម្រាប់ពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយវប្បធម៌ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិន និងអន្តរជាតិ ដោយធានានូវបរិយាកាសសុវត្ថិភាព និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ សម្រាប់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច។ ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានសម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…