នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ថៃ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ឱ្យរៀបចំប្រមូលផ្តុំកញ្ចប់សម្ភារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងហេតុការណ៍ចៃដន្យណាមួយដែលកើតឡើងដោយឥតព្រៀងទុក។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ថៃ បានជំរុញឱ្យគ្រប់គ្រួសារទាំងអស់ រៀបចំសម្ភារឧបភោគបរិភោគ និងបរិក្ខារចាំបាច់ឱ្យបានរួចរាល់ សម្រាប់រយៈពេល ៧២ ម៉ោង ដើម្បីត្រៀមសម្រាប់គ្រោះមហន្តរាយ ឬអាសន្នកើតឡើង។
នាយកដ្ឋានជំនាញ បានណែនាំឲ្យគ្រួសារនីមួយៗ រៀបចំសម្ភារចាំបាច់ចំនួន ៦ ប្រភេទ នៅក្នុងកាបូបសង្គ្រោះបន្ទាន់ រួមមាន៖ ថ្នាំសង្កូវ និងបរិក្ខារសុខភា, អាហារ និងទឹកបរិភោគ ឧបករណ៍ទំនាក់ទំនង និងឯកសារសំខាន់ៗ ប្រាក់កាស សម្ភារអនាម័យ និងសម្លៀកបំពាក់ជាដើម។
នាយកដ្ឋានជំនាញ បានបញ្ជាក់ថា ការត្រៀមទុកមុននេះ មិនត្រឹមតែជួយប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនសម្រាប់ស្ថានការណ៍ពាក់ព័ន្ធនឹងជម្លោះអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងអាសន្នផ្សេងៗទៀត រួមមាន ទឹកជំនន់ ការបាក់ដី គ្រោះរញ្ជួយដី ជំងឺរាតត្បាត ព្រមទាំងហេតុការណ៍ដែលបង្កឡើងដោយមនុស្ស ដូចជាអគ្គិភ័យ បាតុកម្ម និងអំពើភេរវកម្មជាដើម៕ អត្ថបទ៖ រិទ្ធី







