ប្រាង្គប្រាសាទឥដ្ឋលេខ១៣ ដែលស្ថិតនៅលើភ្នំបាខែង ត្រូវបានក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល និងពង្រឹងរចនាសម្ព័ន្ធជាស្ថាពរហើយ។ ការងារអភិរក្សនេះត្រូវបានអនុវត្តតាមបច្ចេកទេសជំនាញ ដោយចែកចេញជាពីរដំណាក់កាល គឺការពង្រឹងគ្រឹះខឿនថ្មបាយក្រៀម និងតួប្រាសាទផ្នែកខាងក្រោម ដែលមានថ្មបាយក្រៀមចំនួន៦ស្រទាប់ និងកម្រាលថ្មភក់មួយស្រទាប់ ព្រមទាំងការជួសជុលពីរួតទីពីររហូតដល់រួតកំពូល ដែលមានកម្ពស់ប្រមាណ៦ម៉ែត្រ។ សមិទ្ធផលនេះបានជួយស្តារស្ថិរភាពសំណង់បុរាណដែលធ្លាប់មានសភាពទ្រុឌទ្រោមខ្លាំង និងមិនអាចឈររឹងមាំដោយខ្លួនឯងបាន។


អ្នកស្រី ឈុន រតនា មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ក្នុងដំណើរការជួសជុល ក្រុមការងារបានសម្អាតដី កម្ចាត់កណ្តៀរ និងសត្វល្អិត ព្រមទាំងដកឫសឈើ និងរុក្ខជាតិដែលចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទ បង្កឱ្យមានការជ្រាបទឹក និងធ្វើឱ្យឥដ្ឋពុកផុយ ឬបែកចេញពីគ្នា។ គោលការណ៍សំខាន់នៃការអភិរក្ស គឺរក្សាទម្រង់ និងរចនាសម្ព័ន្ធដើម ដោយមិនបន្ថែមសំណង់ថ្មីឡើយ។ ជាក់ស្តែង កាលពីមុន ប្រាង្គនេះត្រូវការជំនួយទប់ទល់ដោយឈើ និងខ្សែកាប ដើម្បីការពារការដួលរលំ ប៉ុន្តែក្រោយការជួសជុល ប្រាសាទអាចឈរបានរឹងមាំឡើងវិញ ព្រមទាំងមានសោភ័ណភាពប្រសើរជាងមុន។




គួរបញ្ជាក់ថា ប្រាង្គឥដ្ឋលេខ១៣ គឺជាសំណង់ដែលនៅរក្សាបានទម្រង់តួប្រាសាទល្អជាងគេមួយ ចាប់ពីខឿនរហូតដល់កំពូល ក្នុងចំណោមប្រាង្គប្រាសាទឥដ្ឋចំនួន៤៤ ដែលស្ថិតនៅជុំវិញភ្នំបាខែង។ ការបញ្ចប់គម្រោងជួសជុលនេះ មិនត្រឹមតែជួយសង្គ្រោះសំណង់បុរាណពីហានិភ័យនៃការបាក់រលំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកថែរក្សាតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងមរតកវប្បធម៌ខ្មែរឱ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ជាពិសេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាទិដ្ឋភាពថ្ងៃលិចនៅលើភ្នំបាខែង នឹងបានឃើញសំណង់បុរាណដ៏មានតម្លៃនេះក្នុងសភាពរឹងមាំ និងស្រស់ស្អាតឡើងវិញ៕ដោយ៖ សុភ័ក្រ្ត









