រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សកម្មភាពឈ្លានពានរបស់យោធាថៃលើកម្ពុជា ធ្វើឲ្យការពហិការមិនប្រើប្រាស់ទំនិញថៃកើនឡើង ខណៈការនាំចូលពីថៃ ក្នុងខែមករា ឆ្នាំ២០២៦ ធ្លាក់ចុះជិត ៥០%

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញការពហិការមិនប្រើប្រាស់ទំនិញថៃ ដែលជាហេតុនាំឲ្យការនាំចូលមុខទំនិញពីប្រទេសថៃ មកកាន់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦នេះ ធ្លាក់ចុះយ៉ាងគំហុក ស្ទើរតែ ៥០%។

បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជា បាននាំចូលមុខទំនិញពីប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២៦ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១៥១ លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៤៩,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ត្រឹមតែ ៥៨ លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៩,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការធ្លាក់ចុះនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថា បណ្តាលមកពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានប៉ះពាល់ដល់ទំនុកចិត្ត និងសកម្មភាពពាណិជ្ជកម្មទ្វេភាគី។

សូមជម្រាបថា មុនពេលកើតមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅប្រទេសថៃ ភាគច្រើនរួមមាន ផលិតផលកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃ ដើម្បីនាំចេញបន្ត។ ក្រៅពីនេះ ក៏មានផលិតផលគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។

ដោយឡែក មុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសថៃ ភាគច្រើនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារសំណង់ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម។

ចំណែកឯមុខទំនិញរបស់កម្ពុជា មួយចំនួន ដែលធ្លាប់ពឹងផ្អែកលើទីផ្សារថៃ ជាពិសេសកសិផលនៅបណ្តាលខេត្តជាប់ព្រំដែនជាមួយថៃ បច្ចុប្បន្នត្រូវបានបង្កើនការប្រមូលទិញដោយក្រុមហ៊ុនក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងបង្វែរទិសដៅនាំចេញទៅកាន់ទីផ្សារថ្មីៗ ដូចជា ប្រទេសចិន វៀតណាម និងប្រទេសផ្សេងៗទៀត៕

ដោយ៖ ប៉ៃ សុឃីម
រូបភាព៖ ឯកសារ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…