ខេត្តព្រះសីហនុ៖ "ការចុះសួរសុខទុក្ខនាពេលនេះ មិនត្រឹមតែជាការបំពេញតួនាទីជាថ្នាក់ដឹកនាំនោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវសាមគ្គីភាព និងការដឹងគុណចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិ មាតុភូមិ។"
មានប្រសាសន៍លើកឡើងដូចនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តក្នុងឱកាស អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ អ្នកមីង គាំ រ៉េត ដែលជាមន្ត្រីចូលនិវត្តន៍នៃរដ្ឋបាលសាលាខេត្តព្រះសីហនុ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺដទៃទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺដោយស្មារតីទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលដ៏ល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសាកសួរសុខទុក្ខដោយក្តីមេត្តា សួរពីអាការៈជំងឺ និងស្ថានភាពរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារឱ្យខិតខំថែទាំសុខភាព និងមានទំនុកចិត្តលើការព្យាបាលរបស់គ្រូពេទ្យ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ជូនដល់មន្ត្រីចូលនិវត្តន៍ និងអ្នកជំងឺមួយចំនួនទៀត ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុងពេលសម្រាកព្យាបាលផងដែរ៕
ដោយ៖ ប៉ៃ សុឃីម













