អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការសម្រេចព្យួរ និងដកហូតអាជ្ញាបណ្ណកាស៊ីណូមួយចំនួន ស្របតាមសេចក្តីសម្រេចចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមសេចក្តីសម្រេចលេខ ០០២ គ.ល.ក.សសរ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក មានឈ្មោះកាស៊ីណូ «កាស៊ីណូ ខ្ញុំ» ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជាមួយគ្នានេះ គ.ល.ក. ក៏បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ផ្សេងទៀត រួមមាន៖
១. អាជ្ញាបណ្ណលេខ ២០៨ គ.ល.ក (ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣) របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក កាស៊ីណូ «ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍» ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមសេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ។
២. អាជ្ញាបណ្ណលេខ ០៤៣ គ.ល.ក (ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២) របស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក កាស៊ីណូ «ជីន ប៉ី គ្រុប» ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមសេចក្តីសម្រេចលេខ ០០៦ គ.ល.ក.សសរ។
៣. អាជ្ញាបណ្ណលេខ ០៤៤ គ.ល.ក (ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២) របស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក កាស៊ីណូ «ជីន ប៉ី» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ។
៤. អាជ្ញាបណ្ណលេខ ០៦៣ គ.ល.ក (ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២) របស់ក្រុមហ៊ុន ដី.ស៊ី មេនា ឯ.ក កាស៊ីណូ «ជី.ស៊ី កាស៊ីណូ» ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមសេចក្តីសម្រេចលេខ ០០៨ គ.ល.ក.សសរ។
៥. អាជ្ញាបណ្ណលេខ ២០៧ គ.ល.ក (ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣) របស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក កាស៊ីណូ «កាស៊ីណូ ជីន ប៉ី បួន» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ។
អគ្គលេខាធិការដ្ឋាន គ.ល.ក. សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបជាព័ត៌មានតាមការសម្រេចខាងលើ។ ដោយ៖ KPS99TV









