រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តំណាងកម្ពុជាប្រចាំ UN ប្រាប់រដ្ឋភាគី UNCLOS ពីមូលហេតុកម្ពុជារើសយកការផ្សះផ្សារដោយបង្ខំក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានជម្រាបប្រាប់រដ្ឋភាគី UNCLOS ចំនួន១៧១ប្រទេសអំពីមូលហេតុដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ។

ក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ ខែមិថុនា នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៃទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា បាននិយាយថា ដោយសារប្រទេសថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្ររបស់ប្រទេសកម្ពុជា និងប្រទេសថៃ ទើបកម្ពុជាមិនមានជម្រើសណា ក្រៅពីការចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ចំណែក ការលើកឡើងរបស់តំណាងភាគីថៃ ដែលថាកម្ពុជាមិនចាប់យកនូវការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី កម្ពុជាតាមរយៈឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជា បានឆ្លើយតបទៅវិញនៅក្នុងកិច្ចប្រជុំដដែលនេះថា ថៃមិនបានធ្វើនូវអ្វីដូចដែលខ្លួនបានលើកឡើងនោះទេ។ ផ្ទុយទៅវិញ ថៃបានប្រើលេសជាច្រើនរាបសិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ មិនតែប៉ុណ្ណោះ ថៃបានលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាទៀតផង។ ដោយឡែក កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សារដោយបង្ខំនេះ គឺដើម្បីធានានូវការការពារ និងការគោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…