ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជំងឺអេដស៍ នៅថ្ងៃទី២៣ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្របសម្រួលឱ្យឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលរួមថ្លែងបញ្ជាក់ថា កម្ពុជាប្តេជ្ញាបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០ និងបានរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងនាមជាប្រទេសទីមួយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោមប្រទេសតែប្រាំពីរនៅលើពិភពលោក ដែលសម្រេចបានគោលដៅសកល ៩៥-៩៥-៩៥។
ក្រៅពីនេះ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំក្រុមពិភាក្សាប្រធានបទទី១ ក្រោមមូលបទ «Country-Led, Sustainable National HIV Responses: Resilient Systems and Financing» រួមជាមួយតំណាងមកពីទ្វីបអាហ្វ្រិក ដោយបានចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយចីរភាព និងភាពធន់។
សូមជម្រាបថា កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជំងឺអេដស៍ បានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក៕
ដោយ៖ ង៉ែត ពិសាន្ត











