ក្នុងជំនួបជាមួយលោក សុង ហៃឡាង (Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យក្រុមហ៊ុនចិនមួយនេះបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជាដូចជា ការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំជាដើម។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក សុង ហៃឡាង បានចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមកនៅក្នុងដំណើរការអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក សុង ហៃឡាង បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពនៅក្នុងសាខាក្រុមហ៊ុនរបស់លោកនៅកម្ពុជា ដែលក្រុមហ៊ុនមានសាខានៅកម្ពុជារហូតដល់ទៅ២៣សាខា ដែលកម្មករភាគច្រើនជាង៧០ភាគរយ គឺជាកម្មករជាជនជាតិខ្មែរ។
លោកបានលើកឡើងថា ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកបានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក សុង ហៃឡាង បានបង្ហាញការពេញចិត្តក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕
ដោយ៖ ង៉ែត ពិសាន្ត












