ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែននៅប្រទេសចិន» នាថ្ងៃទី២៧ ខែមិថុនានេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ២០២៦ខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ ការគ្រោងទៅបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺដើម្បីចូលរួមក្នុងមហាសន្និបាត AI ពិភពលោក ដែលមានការចូលរួមពីបណ្តាមេដឹកនាំរបស់ពិភពលោកជាច្រើន។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ដូច្នេះ៖ «ហើយនៅខែកក្កដា ក្រោយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺលោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរ»។ ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ក៏ជាការបើកផ្លូវមួយផងដែរពីព្រោះក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន បានជជែកជាមួយមេដឹកនាំកំពូលរបស់ចិនរួចទៅហើយ ប៉ុន្តែកិច្ចការដែលរដ្ឋាភិបាលចិន ត្រូវធ្វើបន្តជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជុំវិញនឹងបញ្ហានេះ ឯកឧត្តមអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា ពីព្រោះការឯកភាពគ្នាក្នុងក្របខណ្ឌបក្ស គឺជាផែនទីមួយសម្រាប់ការអនុវត្តរបស់រដ្ឋាភិបាល ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកំពុងកាន់អំណាចតាមរយៈការបោះឆ្នោតនៅកម្ពុជា ដូច្នេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ ច្បាស់ណាស់សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន មានកិច្ចការងារជាច្រើននឹងត្រូវពិភាក្សាគ្នា។
ឯកឧត្តម ជា ធីរិទ្ធ បន្តទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បាននិងកំពុងរង់ចាំដើម្បីពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត៕
ដោយ៖ ង៉ែត ពិសាន្ត








