រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្រ្តីជំនាញចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីពង្រីកការនាំចេញទៅទីផ្សារអន្តរជាតិ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃទី២៦ មិថុនា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក នៅខេត្តកំពង់ធំ ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ការចុះទស្សនកិច្ចសិក្សា និងពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខាងលើ មានវត្តមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូផ្ទាល់។

បើតាមក្រសួងពាណិជ្ជកម្ម ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីសក្តានុពល និងខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ព្រមទាំងលើកកម្ពស់ការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបានពិនិត្យដំណើរការផលិតកម្ម និងសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ដែលជាសហគ្រាសធ្វើពាណិជ្ជកម្ម និងកែច្នៃគ្រាប់ស្វាយចន្ទី មានរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើប និងសមត្ថភាពផលិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារ និងតម្រូវការរបស់ទីផ្សារជាតិ និងអន្តរជាតិ។

សូមជម្រាបថា នៅក្នុងរយៈពេល ៥ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជិត ១លានតោន (៩៧៩៧២៨) ទៅកាន់ប្រទេសវៀតណាម ដោយបង្កើតប្រាក់ចំណូលជិត ១,៧ពាន់លានដុល្លារ (១៦៩១) កើនឡើង ២៥,៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…