Ping An Property & Casualty Insurance Company of China, Ltd. ជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោកលើផែ្នកទ្រព្យសកម្ម (1st in Asset size) និងជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល (1st in Revenue) ដែលមានអតិថិជនទូទៅ (Retail Customers) សរុបប្រមាណ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន (Corporate Customers) ប្រមាណជាង ៤លានក្រុមហ៊ុន ចង់ធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) មកប្រទេសកម្ពុជា។
ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងឱកាស ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឆ្លៀតឱកាសធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រង Ping An នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។
ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញផែនការនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ping An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិនចិនលំដាប់ខ្ពស់ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងការត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

















