(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗមួយចំនួនពីឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើម្បីជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងជនភៀសសឹក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែអំណរគុណចំពោះឧកញ៉ា តាន់ តាត់ និងសមាជិក នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ដើម្បីផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុចែកជូនទៅដល់បងប្អូនវីរជនកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹកដែលកំពុងត្រូវការនូវជំនួយមនុស្សធម៌ពីបងប្អូនសប្បុរសជន។
ជាមួយគ្នានេះឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា អំណោយជាសម្ភារៈទាំងអស់នេះ គឺបានមកពីការចូលរួមរបស់សមាជិកនៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។ ឧកញ៉ា បានបន្ថែមថា ថ្មីត្បិតយើងមិនបានចូលសមរភូមិពិតមែន ក៏ប៉ុន្តែពួកយើងទាំងអស់គ្នានៅសមរភូមិក្រោយនឹងខិតខំកៀគររកជំនួយមនុស្សធម៌ ដើម្បីផ្តល់ជូនដល់វីរកងទ័ពរនៅសមរភូមិមុខ និងជនភៀសសឹកនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា អំណោយរបស់សភាពាណិជ្ជកម្មខេត្តប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានទឹកប្រាក់សរុបចំនួន ៣២ ៦៩១ដុល្លារអាមេរិក និងមានដូចជា អង្ករ៨តោន ទឹកត្រី២០០យួរ ទឹកស៊ីអ៉ីវ១០០យួរ ទឹកដោះគោប្រអប់១០០កេស ទឹកដោះគោខាប់៣០០កេស នំប្រៃ៣០កេស ត្រីកាម៉ុង៥០ជាល សាច់ក្រក ២៥គីឡូក្រាម ត្រីងៀត២៥គីឡូក្រាម ផ្អកត្រីប្រា២០គីឡូក្រាម ប្រហុក២០គីឡូក្រាម មុង១០០ អាវភ្លៀង១០០ តង់៨x១០ម៉ែត្រ ១៣០ និងថ្នាំពេទ្យ (First Aid និងថ្នាំសាមញ្ញ ១០០កញ្ចប់)៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត















