ទិដ្ឋភាពពលករវិលត្រឡប់ នាព្រឹកម៉ោង០៨ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរងចាំនៅច្រកបានឡែម ខាងថៃ វិលចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករជាច្រើនពាន់នាក់ ពួកគេរងចាំអាជ្ញាធរព្រំដែន បើកទ្វារច្រក ដើម្បីវិលចូលស្រុកកំណើតវិញ។ នេះបើតាមអង្គការសង់ត្រាល់។
បើតាមឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង យោងព័ត៌មានបឋម ថ្ងៃនេះ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥) មានពលករច្រើនណាស់ នឹងចូលតាមច្រកទ្វារដូងត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នាឯកឧត្តម ក៏បានណែនាំឱ្យត្រៀមកម្លាំងដើម្បីជួយសម្របសម្រួលដល់ពលករខ្មែរដែលវិលមកវិញផងដែរ។
យ៉ាងណាមិញ បើតាមប្រភពពីពលករភាគច្រើននៅច្រកអន្តរជាតិដូង (បានឡែម) បានផ្តល់ព័ត៌មានមកក្រុមការងារសង់ត្រាល់ខ្លីៗកាលពីថ្ងៃទី០២ ខែសីហាថា៖ «ខ្ញុំចាកចេញពីប្រទេសថៃ មកកម្ពុជា វិញយឺត ដោយសារតែខ្ញុំរង់ចាំបើកលុយពីថៅកែ» ។
សូមជម្រាបថា ពលករខ្មែរដែលវិលត្រឡប់ពីថៃមកកម្ពុជាវិញ ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ មានចំនួនសរុប៦៧០,៨៣៩នាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងការងារ៕
ដោយ៖ ង៉ែត ពិសាន្ត












