(ព្រះសីហនុ)៖ កោះរ៉ុង នឹងក្លាយជាគោលដៅទេសចរសម្រាកលំហែកម្រិតខ្ពស់ ក្រោយកោះឋានសួគ៌នេះមានការអភិវឌ្ឍផ្លាស់ប្តូរពីភូមិនេសាទ ទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា ដែលអាចទាក់ទាញអ្នកជំនួញធំៗមកសម្រាក់លំហែរ និងបន្តកិច្ចការរបស់របស់ខ្លួន។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រទេសកម្ពុជាមានកន្លែងដើរលេងប្រមាណ ៣០០កន្លែង។ ដោយឡែក កោះរ៉ុងនៅក្នុងខេត្តព្រះសីហនុមានលក្ខណៈពិសេស ដែលបានទាក់ទាញទេសចរចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក ដោយសារកោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត រួមទាំងមានបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលទាក់ទាញទេសចរមកសម្រាកលំហែ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអះអាងថា ក្រោយពេលលោកបានធ្វើដំណើរមកកោះរ៉ុងជាច្រើនដង លោកមើលឃើញសក្ដានុពលកោះឋានសួគ៌ ដែលថ្ងៃខាងមុខនឹងក្លាយជាគោលដៅទេសចរកម្រិតខ្ពស់ ខណៈបច្ចុប្បន្នមានការអភិវឌ្ឍ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងច្រើនសម្រាប់បម្រើដល់វិស័យទេសចរណ៍។
ឯកឧត្តម បានបញ្ជាក់ថា «ឥឡូវនេះយើងឃើញមានអ្នកធ្វើការផ្នែកបច្ចេកវិទ្យាធំៗមកកោះរ៉ុង ក្រៅពីមកដើម្បីសម្រាកលំហែ ក៏មកធ្វើកិច្ចការងារផ្សេងៗ»។
ឯកឧត្តម បានបន្ថែមថា នឹងជជែកពិភាក្សាជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការតភ្ជាប់ប្រព័ន្ធខ្សែកាបដើម្បីសម្រួលដល់ការបំពេញការងាររបស់ទេសចរធុរកិច្ចធំៗផងដែរ៕
ដោយ៖ ចិន្តា ទីទិ










