ខេត្តព្រះសីហនុ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) លើកឡើងថា ការចូលរួមពង្រឹងការផ្ដល់សេវាសាធារណៈគំរូតាមរយៈចលនាប្រឡងប្រណាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ គឺមានសារៈសំខាន់ក្នុងនោះខេត្តព្រះសីហនុ មានអង្គភាពចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ល្អ រួមមាន៖ សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន វាលរេញ ជាប់ចំណាត់ថ្នាក់លេខ៥ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៧។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងដូចនេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។
មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ ព្រមទាំងសមិទ្ធផលនានា ដែលជាភាពជោគជ័យក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ កើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញពីសារៈសំខាន់នៃសិក្ខាសាលា និងការជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានាពេលនេះ អ្នកពាក់ព័ន្ធទាំងអស់អាចស្វែងយល់ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ដើម្បីបង្កើនការអភិវឌ្ឍអង្គភាពរៀងៗខ្លួន និងការចូលរួមចំណែកគាំទ្រគ្នាជាបន្តទៀត ក្នុងការជំរុញការផ្ដល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាជនយើង។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ បានអញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួននៅក្នុងបរិវេណទីកន្លែងសិក្ខាសាលា។
ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទស្សនកិច្ចនៅ សាលាមត្តេយ្យធនធាន ក្រុងព្រះសីហនុ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រសាលា។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេល២ថ្ងៃ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលខេត្តព្រះសីហនុ អភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នាយក នាយិកាសាលាមត្តេយ្យសិក្សានៅទូទាំងប្រទេស សរុបប្រមាណជិត៦០០នាក់៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា















