Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា រៀបចំក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦ ទៅមុខដោយយុទ្ធសាស្ត្រហិរញ្ញវត្ថុប្រកបដោយតុល្យភាព ទោះជាប្រឈមនឹងពហុវិបត្តិជាប់លាប់

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំសិក្ខាសាលាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជា នៅតែត្រូវប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ដែលនៅក្រៅការគ្រប់គ្រងរបស់ប្រទេស ដូចជា ការប្រែប្រួលនយោបាយពាណិជ្ជកម្មសកល ទិសដៅឯកតោនិយម និងការបិទខ្ទប់ព្រំដែនជាបណ្តោះអាសន្នជាមួយប្រទេសជិតខាង។

ក្នុងឱកាសនេះ ឯកឧត្តមបានលើកឡើងពីចំណុចសំខាន់ចំនួន៣ រួមមាន៖
១. បរិបទនៃការរៀបចំក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦
២. ទិសដៅនយោបាយហិរញ្ញវត្ថុសាធារណៈ និង
៣. ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ឯកឧត្តមបានអះអាងថា ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (២០២៦-២០២៨) ដោយផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ចចម្បង៣ចំណុច៖
១. និន្នាការថមថយនៃចំណូលរដ្ឋ
២. សម្ពាធចំណាយកើនឡើង ជាពិសេសក្នុងវិស័យការពារជាតិ កម្មវិធីសង្គម និងការវិនិយោគសាធារណៈ និង
៣. ការស្រកស្រុតនៃប្រាក់សន្សំរដ្ឋ ដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗជាបន្តបន្ទាប់។

ទោះបីជាប្រឈមនឹងបញ្ហាច្រើនក្តី ការរៀបចំថវិកាឆ្នាំ២០២៦ ត្រូវបានធ្វើឡើងដោយមានតុល្យភាព និងមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ថវិកាថ្មីនេះបង្ហាញពី «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងការលូតលាស់សេដ្ឋកិច្ចជារៀងរហូត» ដោយផ្តោតលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ ការអភិវឌ្ឍមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយអភិបាលកិច្ចល្អ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 

Comments

Loading comments…