Skip to main content
Preah Sihanouk Provincial Television
Log in

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» នៅសាលាស្រុកបាកាន

KPS99TVHistorical original · translation unavailable

(ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម»  ជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក  លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ជា ហេងឡុង អភិបាលរងនៃគណៈស្រុកបាកាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេកម្ពុជា និងប្រជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងស្រុកបាកាន។

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម។

លោកបានលើកឡើងបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ទំហំទីផ្សារធានារ៉ាប់រងកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ យ៉ាងណាម៉ិញ ទំហំទីផ្សារនេះ បានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ ១.១៣% ហើយដង់ស៊ីតេធានារ៉ាប់រង មានចំនួន ២០,៦៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់សំណងដែលបានទូទាត់ជូនអតិថិជនមានចំនួន ១០៤ លានដុល្លារអាម៉េរិក   ដែលនេះជាភស្ដុតាងបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលក្នុងការអភិវឌ្ឍន៍នាពេលអនាគត។

ក្នុងឱកាសនោះដែរ លោក ជា ហេងឡុង អភិបាលរងស្រុកបាកានសង្ឃឹមថា សិក្ខាសាលាដ៏មានសារសំខាន់នៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម  តាមរយៈការធ្វើបទបង្ហាញដោយផ្ទាល់របស់ក្រុមការងារនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង។ លោកក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតីខ្ពស់ ទាញយកនូវចំណេះដឹងថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹងវាគ្មិនជំនាញ  និងអង្គសិក្ខាសាលាទាំងមូល ដើម្បីចូលរួមចំណែកដល់ការជំរុញនិងលើកកម្ពស់ផ្នែកសុខមាលភាព និងហិរញ្ញវត្ថុដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ទាំងអស់ផងដែរ៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…