សូមប្រយ័ត្ន! សត្វក្រពើចំនួន ៣០ក្បាល បានរួចចេញពីទ្រុងចិញ្ចឹមក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែក្រោយមានការអន្តរាគមន៍ពីអាជ្ញាធរ បានចាប់យកមកវិញបានចំនួន ២៦ក្បាល នៅសល់ចំនួន ៤ក្បាលទៀត ដោយបច្ចុប្បន្នកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញឱ្យបានទាំងអស់ ខណៈសត្វក្រពើនៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល ជារបស់លោក ឈឿង ស៊ីម៉ាក នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដោយមិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់។ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ៕
ដោយ៖ ចិន្តា ទីទិ












