គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានរៀបចំនិងបានដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ករណីយោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសច្រើននាក់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងមកលើជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ព្រមទាំងបានបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមាន លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានធ្វើជាសាក្សី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។
នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើរមួយចំនួនឱ្យបញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា, ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ, ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ, ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែង ការណ៍រួមទីក្រុងគូឡាឡាំពួ, លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា, ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ, ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង គ្មានលក្ខខណ្ឌ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់ វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










