Skip to main content
Preah Sihanouk Provincial Television
Log in

ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ នឹងទទួលក្រុមហ៊ុនអាកាសចរណ៍ប្រទេសឥណ្ឌាបានហោះហើរត្រង់មកជាលើកដំបូងបីជើងក្នុងមួយសប្ដាហ៍

KPS99TVHistorical original · translation unavailable

ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ នឹងមានការកើនឡើងនៅជើងហោះហើរនិងចំនួនភ្ញៀវទេសចរខណៈក្រុមហ៊ុនអាកាសចរណ៍ Indigo របស់សាធារណៈរដ្ឋឥណ្ឌាហោះហើរត្រង់ បីជើងក្នុងមួយសប្ដាហ៍ លើទឹកដីសៀមរាបអង្គរ  បានធ្វើការចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដែលមានផ្ទុកអ្នកដំណើរ ១២៧នាក់ ដោយជោគជ័យ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្ដម ស៊ីន សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ ជាសញ្ញាណមួយដ៏ល្អបំផុតក្នុងការតភ្ជាប់ជើងហោះហើររវាងប្រទេសកម្ពុជា និងឥណ្ឌា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានយន្ដហោះជាង៤០០គ្រឿង បានហោះហើរនៅលើពិភពលោក ។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ផ្លូវហោះហើរថ្មីនេះ មិនត្រឹមតែបង្កើនការតភ្ជាប់អន្តរជាតិនៅក្រុង Kolkata ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការតភ្ជាប់ងាយស្រួលពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមរំពឹងថា បន្ទាប់ពីមានការហោះហើរមួយនេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដទៃទៀត នឹងចាប់អារម្មណ៍ក្នុងការហោះហើរមកកាន់កម្ពុជា នេះជាសញ្ញាមួយនៃការរីកចម្រើនទាំងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ជើងហោះហើរជាលក្ខណៈអន្ដរជាតិ ដែលចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានចន្លោះចាប់ពី២២ជើងទៅ២៣ជើងក្នុងមួយថ្ងៃ ហើយមានភ្ញៀវទេសចរអន្ដរជាតិប្រមាណពី២០០០នាក់ទៅ៣០០០នាក់  ដោយឡែកសម្រាប់ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះមានភ្ញៀវទេសចរប្រមាណ៧៦ម៉ឺននាក់ ថយចុះមួយភាគរយបើធៀបនឹងឆ្នាំ២០២៤កន្លងមក។លោករំពឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានេះ នឹងកើនឡើងនូវភ្ញៀវទេសចរមកកាន់ខេត្ដសៀមរាបជាបន្ដបន្ទាប់៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…