Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា រក្សាទិសដៅឌីជីថលថ្មី៖ រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូស្វែងយល់អំពី AI និង Cloud ក្នុងទស្សនកិច្ចប៉េកាំង

KPS99TVHistorical original · translation unavailable

រដ្ឋធានីប៉េកាំង, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាជំនាន់ថ្មីនៅក្រុមហ៊ុន CapitalOnline និងក្រុមហ៊ុនអេឡិចត្រូនិច និងបញ្ញាឌីជីថល (BEDI) ដែលទាំងពីរជាដៃគូសំខាន់របស់ក្រុមហ៊ុន Huawei ក្នុងទីក្រុងប៉េកាំង។

ទស្សនកិច្ចបានផ្តោតលើការសិក្សា និងពិភាក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដើម្បីស្វែងរកឱកាសផ្ទេរបច្ចេកវិទ្យា និងការចូលរួមវិនិយោគថ្មីៗ ដែលអាចជួយលើកកម្ពស់ផលិតភាព ការទំនើបកម្ម ប្រព័ន្ធ និងការអភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា។

ក្នុងឱកាសនេះ ក្រុមហ៊ុនទាំងពីរបានណែនាំពីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលដំណើរការដោយ AI សេវាកម្មក្លោដ និងប្រព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលកំពុងត្រូវបានប្រើប្រាស់ទូលំទូលាយ ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អប់រំ សុខាភិបាល និងផលិតកម្ម។

ក្រុមហ៊ុនទាំងពីរបានបង្ហាញបន្ថែមពីសមត្ថភាពបណ្តុះបណ្តាលគំរូ AI ដោយប្រើទិន្នន័យដ៏ធំ (large-scale model training) និងការប្រើប្រាស់សមត្ថភាពប្រព័ន្ធ HPC សម្រាប់គាំទ្រឧស្សាហកម្ម កែលម្អសេវាសាធារណៈ និងជំរុញនវានុវត្តន៍ជូនវិស័យផ្សេងៗ។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ ពិចារណាឱកាសវិនិយោគ និងសហការនៅកម្ពុជា ពិសេសក្នុងការចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យា នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅខែមីនា ឆ្នាំ២០២៦។ ពិសេស គឺការនាំយកបច្ចេកវិទ្យា AI មកអនុវត្តជាក់ស្តែង ដើម្បីជួយឧស្សាហកម្ម សហគមន៍ និងការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។

ដោយ៖ KPS99TV

Comments

Loading comments…