កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ដោយគ្មានមូលហេតុ។ ករណីនេះ ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសាររត់ភៀសខ្លួនភ្លាមៗ មកស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ។ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វេលាម៉ោង ១៤ និង១០នាទី ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា (Military Attaché Corps of Phnom Penh - MACPP) បានចុះទៅសួរសុខទុក្ខប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាមដោយផ្ទាល់។ ការចុះផ្ទាល់ដោយក្រុម MACPP បានធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលពីក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG)។
គួររំលឹកថា ហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុនៅក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ចំនួន៣នាក់ និងបាត់បង់ជីវិតនៅនឹងកន្លែងម្នាក់។ ចំណែក ក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញលទ្ធផលរបស់គណៈកម្មការជំនាញនៃការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារមុនរបស់ទាហានថៃមកលើអ្នកភូមិព្រៃចាន់ដែរ ខណៈការធ្វើកោសល្យវិច័យរបស់គណៈកម្មការជំនាញ គឺបានធ្វើនៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយបានបញ្ជាក់ច្បាស់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃពិតប្រាកដមែន៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



















