ខេត្តបាត់ដំបង៖ ផ្សារផលិតផលខ្មែរនៅខេត្តបាត់ដំបងដែលសហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្ត និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់ផលិតផលក្នុងស្រុកជាប្រចាំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច នៅមុខផ្សារទំនើបបុរីថ្មី តាមបណ្តោយផ្លូវលេខ ៣ ក្រុងបាត់ដំបង។
ផលិតផលដែលត្រូវបានលក់រៀងរាល់សប្ដាហ៍ រួមមានបន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃផ្សេងៗទៀត ដែលផលិតដោយកសិករ និងអាជីវករខ្នាតតូចក្នុងស្រុក។
ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងភាពសហការដ៏រលូនពីរដ្ឋបាលខេត្តបានអនុញ្ញាតឲ្យមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងអនុវត្តគម្រោង AIMS (គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច) ដោយបើកដំណើរការផ្សារផលិតផលខ្មែរ តាំងពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន។
គោលបំណងសំខាន់នៃផ្សារនេះ គឺដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ និងក្រុមផលិត ជំរុញទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ កែលម្អប្រាក់ចំណូល និងជីវភាពរស់នៅរបស់សហគមន៍ លើកកម្ពស់ការប្រើប្រាស់ និងការគាំទ្រផលិតផលខ្មែរ។
ការចូលរួមលើកទឹកចិត្តប្រើប្រាស់ផលិតផលខ្មែរ ក៏ជាការរួមចំណែកក្នុងការបង្កើនផលិតភាពជាតិ បង្កើនចំណូលសហគមន៍ និងជំរុញសេដ្ឋកិច្ចសង្គមក្នុងតំបន់ឱ្យមានភាពរីកចម្រើន។
សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយកសិករ និងផលិតករខ្មែរទាំងអស់។
ស្វែងរកផ្សារផលិតផលខ្មែរខេត្តបាត់ដំបង៖https://maps.app.goo.gl/44Jyc9M2bWEokxbc8
ដោយ៖ KPS99TV
















