Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោកលើកទី៦ ឆ្នាំ២០២៥

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ គុនខ្មែរជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ដែលយុវជនយើងទាំងអស់គ្នាត្រូវបន្តថែរក្សា និងបន្តលើកតម្កើងគ្រប់ជំនាន់ និងគ្រប់សម័យកាល។ ជាកូនខ្មែរជំនាន់ក្រោយ យើងទាំងអស់គ្នាត្រូវតែខិតខំធ្វើយ៉ាងណាពង្រីកវិស័យប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាព។

នេះបើតាមការលើកឡើងពី លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន អំពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោកលើកទី៦ ឆ្នាំ២០២៥នៅសណ្ឋាគារឃ្វីនកូ ដោយមានការចូលរួមពីឯកឧត្តម វ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  លោក ខូវ ឆាយ អគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ លោក លោកស្រី  អភិបាលរងក្រុងព្រះសីហនុ  ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនបណ្តាញអ្នកសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុបានបន្ថែមថា  ក្រោមការគាំទ្រពីគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធគុនខ្មែរអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោក្រុងព្រះសីហនុ។ទាំងនេះបានបង្ហាញស្មារតីមោះមុតក្នុងការផ្សព្វផ្សាយពីតម្លៃនៃសិល្បៈគុនខ្មែរ និងបានជឿជាក់លើសុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា។

ខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប  រួមមាន វីស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរមកសម្រាកលេងកម្សាន្តជាង ១លាននាក់ ក្នុងមួយឆ្នាំៗ ហើយត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី»។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាជើងឯកពិភពលោកឆ្នាំ ២០២៥នេះមាន ៣៧ប្រទេសបានចុះឈ្មោះចូលរួមប្រកួតក្នុងនោះមាន ២៣ ប្រទេសបានបញ្ជូនឈ្មោះមក និងនៅសល់ចំនួន ១៤ ប្រទេសទៀត។ ហើយព្រឹត្តិការណ៍ប្រកួតកីឡានេះដែរដោយមានការរៀបចំសម្ដែងសិល្បៈរបាំ និងសម្ដែងក្បាច់គុណបុរាណខ្មែរផងដែរ។ ក្នុងនោះមានការប្រកួតក្បាច់គុណស្ម័គ្រចិត្ត មានកម្រិតថ្នាល កម្រិតពេញវ័យ វគ្គជម្រុះ និងការប្រកួតអាជីពកម្រិតខ្ពស់ដណ្ដើមខ្សែក្រវ៉ាត់ជើងឯកពិភពលោក។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំចលនាកីឡាកម្ពុជា កីឡាគុណខ្មែរ គឺជាកីឡាអត្តសញ្ញាណជាតិ និងវប្បធម៌ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញឲ្យឈានពីកម្រិតជាតិទៅកម្រិតសកល។ ហើយនៅឆ្នាំខាងមុខគុណខ្មែរនឹងបញ្ចូលការប្រកួតជាកីឡាយុវជនអាស៊ីកម្ពុជានៅឆ្នាំ ២០៣១ ពីកម្រិតតំបន់ទៅកម្រិតទ្វីប និងបញ្ចូលទៅជាកម្រិតអូឡាំពិក។

ទាំងអស់នេះគឺទាមទារឲ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានទើបធ្វើឲ្យគុណខ្មែររបស់យើងឈានទៅមុខបាន។ ខេត្តព្រះសីហនុទៅថ្ងៃខាងមុខគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធគុនខ្មែរអន្តរជាតិ ដោយសហការជាមួយរដ្ឋបាលខេត្ត និងរៀបចំខេត្តព្រះសីហនុជាកន្លែងប្រកួតលំដាប់អន្តរជាតិ និងពិភពលោកជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតបលោក សាមុត សុធារិទ្ធ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនជាស្រេចទាំងការរៀបចំក្រុមការងារដើម្បីសហការជាមួយក្រុមការងារថ្នាក់ជាតិ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ដើម្បីបង្កើតភាពសប្បាយរីករាយ អធិកអធម និងបង្ហាញអំពីវប្បធម៌កីឡានគុនខ្មែរ បង្ហាញពីសក្តានុពល ការអភិវឌ្ឍទេសចរចណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទៅកាន់សាកលលោកក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…