មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការ ចំពោះចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានដាក់មីនថ្មីនៅតាមបរិវេណព្រំដែន។ ការបញ្ជាក់នេះ ត្រូវបានលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ប្រកាសជូនសមាជិកអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសធ្វើបទបង្ហាញជូនអង្គទូត ស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើករណីបាញ់ប្រហារដោយកងកម្លាំងថៃមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់។
លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា កម្ពុជាសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការផ្អាកអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការជាន់មីននេះបានកើតឡើងនៅតំបន់មានមីនចាស់ ក្នុងដែនដីកម្ពុជា ដែលបានកំណត់យោងតាមផែនទីរបស់គណៈកម្មការចម្រុះបារាំង–សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើសម្រាប់សាលក្រមឆ្នាំ១៩៦២ និង២០១៣។
តាមលទ្ធផលស៊ើបអង្កេតបឋម ដែលបានបង្ហាញជូនអង្គទូត ករណីបាញ់ប្រហារដោយកងកម្លាំងថៃ មកលើជនស៊ីវិលកម្ពុជា កើតឡើងដោយគ្មានហេតុញុះញង់ណាមួយឡើយ។ ការបាញ់ប្រហារនេះបានបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសបីនាក់ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជាទាំងមុន និងក្រោយពេលកងកម្លាំងថៃបាញ់ចូលទៅក្នុងភូមិនេះទេ។
លទ្ធផលស៊ើបអង្កេតនេះ មានមូលដ្ឋានលើការស៊ើបអង្កេតតំបន់កើតហេតុ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន (AOT)៕
ដោយ៖ KPS99TV









