អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនជាតិវៀតណាមសរុប ១៧៥នាក់ចេញពីប្រទេសកម្ពុជា កាលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារតែពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ពោលគឺពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយអនុវត្តតាមអនុសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុប១៧៥នាក់ (ស្រី៣៩នាក់) ចេញពីប្រទេសកម្ពុជា។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ ក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត











