យ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្នុងករណីអគ្គិភ័យឆាប់ឆេះផ្ទះសំណាក់យីហោ ខេមរា និងទីតាំងលក់សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរយីហោ កាពីតូល នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៦។
ភ្លាមៗកម្លាំងនគរបាលជំនាញពន្លត់អគ្គីភ័យ និងកម្លាំងនគរបាលនៅតាមបណ្តាក្រុងស្រុកសរុប១៥០នាក់ បានប្រើពេលជាង២ម៉ោងក្នុងការអន្តរាគមន៍រហូតដល់ម៉ោង១១យប់ទើប ភ្លើងបានរលត់ទាំងស្រុង និងគ្រប់គ្រងបាន១០០ភាគរយមិនឆេះរាលដល់ទៅកន្លែងដ៏ទៃទៀត។ ក្នុងប្រតិបត្តិការពន្លត់អគ្កិភ័យនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងការងារសេនាធិការ ដោយមានរថយន្តទឹកចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១៩រថយន្ត។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ។
ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើង គឺស្នងការដ្ឋាននគរបាលខេត្តមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ។ បើតាមរបាយការណ៍ដដែល ករណីអគ្គិភ័យនេះ មិនបានបណ្តាលឱ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ មានតែពលរដ្ឋម្នាក់រងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកផ្ទះចំនួន២ទីតាំង ត្រូវបានភ្លើងឆេះទាំងស្រុង៕
ដោយ៖ ង៉ែត ពិសាន្ត





















